មេរោគ គឺជាកម្មវិធី ឬជា Script តូចមួយដែលត្រូវបានឆ្លងចូលទៅក្នុងកុំព្យូទ័ររយៈការប្រើប្រាស់ឧបកណ៍មួយចំនួនដូចជា Flash, Memory Card, Diskette ឬក៏ External Hard Disk ជាដើម ដោយគ្មានការប្រុងប្រយ័ត្ន ហើយវាចាប់ផ្តើមដំណើរការដោយខ្លួនឯងដោយគ្មានការអនុញ្ញាតទៅតាមប្រភេទមេរោគដែលត្រូវបានបង្កើតឡើង ។ ប្រសិនបើមេរោគឆ្លងចូលទៅក្នុងកុំព្យូទ័រវាបានបង្ករឲ្យកុំព្យូទ័រយើងមានបញ្ហាមួយចំនួនដូចជា ចូលទៅលុបឯកសារដែលផ្ទុកនៅក្នុងកុំព្យូទ័រ, លុបកម្មវិធីដែលមាននៅក្នុងកុំព្យូទ័រ ហើយក៏មានប្រភេទមេរោគខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមានសមត្ថភាព និងឥទ្ធិពលយ៉ាងខ្លាំងរហូតឈានដល់ការបំផ្លាញ Hardware ដែលមាននៅក្នុងកុំព្យូទ័រតែម្តង ។ ចំណែកឯប្រភេទមេរោគខ្លះទៀតវិញ គឺវាគ្រាន់តែផ្តល់ការរំខានតិចតួចប៉ុណ្ណោះ ដូចជា កាត់បន្ថយល្បឿនកុំព្យូទ័រ ឧស្សាហ៍បង្ហាញផ្ទាំង Message Error មិនអាចស្តាប់ចម្រៀង និងថតចម្លងឯកសារបានព្រមទាំងមានបញ្ហាជាច្រើនទៀតដែលមិនអាចរៀបរាប់អស់បាន ។ ដើម្បីឲ្យស្របទៅនឹងចំណងជើងនៃប្រធានបទខាងលើថា តើធ្វើដូចម្តេចទើបដឹងថាកុំព្យូទ័រឆ្លងមេរោគ? ខ្ញុំសូមណែនាំវិធីសាស្ត្រខ្លះៗ ដែលអាចឲ្យយើងដឹងថា កុំព្យូទ័ររបស់យើងបានឆ្លងមេរោគ ឬអត់ ។
១. កុំព្យូទ័រកាន់តែយឺតទៅៗ
ល្បឿនកុំព្យូទ័រកាន់តែយឺតទៅៗ គឺកត្តាមួយដែលអាចបង្កឡើងដោយមេរោគផងដែរ ប៉ុន្តែវាមិនមែនសុទ្ធតែបង្កឡើងដោយមេរោគសុទ្ធសាធនោះដែរ ជួនការអាចបណ្តាលមកពីកុំព្យូទ័រ របស់លោកអ្នកចាស់ សមត្ថភាពមិនដល់កម្មវិធីដែលបានដំឡើង ឬក៏បណ្តាលមកពី Hardware មានបញ្ហាដូច្នេះដើម្បីឲ្យដឹងកាន់តែច្បាស់នូវបញ្ហាទាំងនេះសូមមើលខាងក្រោមៈ
- ត្រួតពិនិត្យមើល Hardware គឺយើងត្រួតពិនិត្យមើលថាតើវាមានទំហំប៉ុន្មាន ហើយ Hardware ដែលត្រួតពិនិត្យនោះមានដូចជា RAM, (Hard Disk), CPU និង VGA ជាដើម ។ ដើម្បីចូលទៅពិនិត្យមើលសូមចុច Start à Run រួចវាយពាក្យ dxdiag រួចចុច Enter ឬ Ok ពេលនោះវានឹងបង្ហាញរូបដូចខាងក្រោមៈ
ចំណាំៈ វិធីខាងលើវា មិនបង្ហាញព័ត៌មានដែលទាក់ទងទៅនឹង Hardware ទេ ប្រសិនបើចង់មើលថា Hardware មានទំហំប៉ុន្មាន សូមចូលទៅក្នុង Widows Explorer ឬចុចនៅលើMy Computer រួចម៉ៅស្តាំ(Right Click) លើ Drive ទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រលើកលែងតែ Drive CD-Rom បន្ទាប់មកធ្វើការបូកសរុបទំហំរបស់ Drive ទាំងអស់បញ្ចូលគ្នាជាការស្រេច ។
- លុបកម្មវិធីដែលមិនចាំបាច់ចោល គឺមានន័យថានៅពេលលោកអ្នកបានតំឡើងកម្មវិធីច្រើនចូលទៅក្នុងកុំព្យូទ័រ វាក៏បណ្តាលឲ្យកុំព្យូទ័រដើរយឺតផងដែរ ជាពិសេសកម្មវិធីដែលមានទំហំធំ ។ ដើម្បីលុបកម្មវិធីដែលមិនចាំបាច់ យើងត្រូវចុច Start à Setting à Control Panel à Add or Remove programs ពេលនោះវានឹងបង្ហាញផ្ទាំងមួយ រួចជ្រើសរើសកម្មវិធីណាដែលអ្នកគិតថាវាមានទំហំធំ បណ្តាលឲ្យកុំព្យូទ័រដើរយឺត និងឥតប្រយោជន៍មិនសូវប្រើប្រាស់ ។
- រៀបចំឯកសារឲ្យមានសណ្តាប់ធ្នាប់ៈ ប្រសិនបើកុំព្យូទ័រអ្នកពោរពេញទៅដោយឯកសារច្រើន នោះក៏អាចបង្កឲ្យកុំព្យូទ័រដើរយឺតផងដែរ ដូច្នេះលោកអ្នកត្រូវរៀបចំទុកដាក់វាដោយធ្វើ Defragment ។ ដើម្បីធ្វើវាបាន ចូលទៅកាន់ Start à All programs à Accessories à System Tool à Disk Defragmenter ។
បញ្ជាក់ៈ ប្រសិនបើលោកអ្នកអនុវត្តជំហានខាងលើរួចរាល់ហើយ ប៉ុន្តែកុំព្យូទ័រនៅតែមានល្បឿនយឺតទៀត នោះបញ្ជាក់ថាកុំព្យូទ័ររបស់លោកអ្នកពិតជាត្រូវបានវាយប្រហារដោយមេរោគហើយ ។
២. កុំព្យូទ័រតែងតែ Restart ដោយខ្លួនឯង
កុំព្យូទ័រ គឺជាឧបករណ៍មួយដ៏ឆ្លាតវៃជាទីបំផុត ប៉ុន្តែទៅបីជាមានភាពឆ្លាតវៃយ៉ាងណាក៏ដោយក៏វាអាចដំណើរការទៅបានលុះត្រាតែមានមនុស្សជាអ្នកបញ្ជាវា បើមិនដូច្នោះទេ វាពិតជាមិនអាចធ្វើការងារអ្វីបានទាំងអស់ ហាក់ដូចជាដុំដែកមួយអញ្ចឹង ។ ហើយប្រសិនបើកំពុងប្រើប្រាស់ កុំព្យូទ័រស្រាប់តែវា Restart ដោយខ្លួនវា គឺវា Restart ដោយខ្លួនវាបែបនេះក្នុងរយៈពេល ២ ទៅ៣ នាទីម្តង ។ ដើម្បីដឹងថា បញ្ហាដូចខាងលើអ្នកត្រូវត្រួតពិនិត្យមើលដូចជា
- ត្រួតពិនិត្យមើល RAM ព្រោះ RAM ក៏ជាបញ្ហាអាចបណ្តាលធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។
- ត្រួតពិនិត្យមើលកម្មវិធីដែលបានតំឡើង ព្រោះកម្មវិធីមួយចំនួនក្រោយពេលតំឡើងចូលទៅក្នុងម៉ាស៊ីន វាក៏អាចមានការប៉ះទង្គិចជាមួយ Hardware នៅក្នុងម៉ាស៊ីន នេះក៏ជាកត្តាធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។
ក្រោយពីលោកអ្នកត្រួតពិនិត្យរួចរាល់ហើយ កុំព្យូទ័រនៅតែ Restart ទៀតនោះ បញ្ជាក់ថាកុំព្យូទ័ររបស់ត្រូវបានវាយប្រហារដោយមេរោគហើយ ។
៣. តែងតែបង្ហាញផ្ទាំង Error Message
កុំព្យូទ័រលោកអ្នកតែងតែបង្ហាញផ្ទាំង Error Message នោះក៏មិនប្រាកដថា អាចបណ្តាលមកពីមេរោគនោះទេ ព្រោះពេលខ្លះប្រសិនបើកុំព្យូទ័រឧស្សាហ៍ត្រូវបានបិទដោយមិនត្រឹមត្រូវ វាអាចបណ្តាលឲ្យបាត់ File របស់ Windows ដូច្នេះវាក៏បង្ហាញផ្ទាំង Error Message នេះឡើង ។ ដើម្បីសដឹងថាបញ្ហានេះជាមេរោគ ឬអត់នោះ លោកអ្នកត្រូវតែ Repair Windows ដើម្បីឲ្យវា Copy File ដែលបានបាត់ចូលទៅកាន់ទីតាំងដើមវិញ ។ នៅពេលលោកអ្នក Repair រួចរាល់ហើយ នៅតែមានបញ្ហាផ្ទាំង Error Message កើតឡើង នោះកុំព្យូទ័ររបស់ អ្នកប្រាកដ ជាត្រូវបាន វាយប្រហារដោយមេរោគផងដែរ ។
៤. មិនអាចប្រើប្រាស់ ឬ Copy ឯកសារចូល Hard Drive បាន
ប្រសិនបើកុំព្យូទ័រលោកអ្នកមិនអាចបើក ឬ copy ឯកសារចូល Hard Drive បាន នោះវាជាកត្តាមួយដែលពិបាកបំផុត ព្រោះ Drive គឺជាកន្លែងសម្រាប់ផ្ទុកនូវរាល់បណ្តុំព័ត៌មា ន ដែលទាក់ទងទៅនឹងកុំព្យូទ័រទាំងអស់ ។ ប៉ុន្តែករណីលោកអ្នកមិនអាចចូលទៅប្រើប្រាស់បាននោះ មិនប្រាកដថា វាបណ្តាលមកពីមេរោគនោះទេ ព្រោះហេតុអ្វី? ព្រោះឥឡូវនេះមានកម្មវិធីជា ច្រើនដែល អាច Lock ដើម្បីបន្ថែមសុវត្ថិភាពទៅឲ្យ Drive ឬតាមវិធីដែលមានស្រាប់នៅក្នុង កុំព្យូទ័រដូចជា ការប្រើប្រាស់ Group Policy ឬ Regedit ជាដើម ។
៥. មិនអាចបើកកម្មវិធីមកដំណើរការបាន
មានប្រភេទមេរោគខ្លះនៅពេលដែលវាឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅបំផ្លាញFile ដំណើរការកម្មវិធីទាំងឡាយដែលបានដំឡើងចូលទៅក្នុងកុំព្យូទ័រ ។ ដូច្នេះប្រសិនបើលោកអ្នកជួបនូវបញ្ហាដូចនេះមែននោះ កុំព្យូទ័ររបស់អ្នកប្រាកដជាត្រូវបានវាយប្រហារដោយមេរោគហើយ ។
៦. មិនអាច Print ឯកសារបាន
ប្រសិនបើអ្នកមិនអាច Print ឯកសារបាន សូមពិនិត្យមើល Printer និង Drive Printer ឲ្យបានត្រឹមត្រូវជាមុនសិន ប្រសិនបើវាគ្នាបញ្ហាអ្វីទេ នោះមានន័យថា បញ្ហាដែលអ្នកមិនអាច Print ឯកសារបាន នោះបណ្តាលមកពីការវាយប្រហារដោយមេរោគហើយ ។
៧. ទំហំឯកសារកាន់តែធំខុសពីធម្មតា
មេរោគខ្លះក្រោយពីពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់កុំព្យូទ័រនោះទេ វាគ្រាន់តែចូលទៅបង្កើនទំហំឯកសារដែលវាបានរក្សារទុកនៅក្នុងកុំព្យូទ័រតែប៉ុណ្ណោះ ។
៨. ឧស្សាហ៍លោតផ្ទាំងខ្មៅមករំខាន
ប្រភេទមេរោគខ្លះទៀត នៅពេលដែលវា បានឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាតែងតែលោតផ្ទាំងខ្មៅ មករំខាន ហើយនៅពេលដែលលោកអ្នកបើកមើល Website ឬក៏កម្មវិធីទាំងឡាយណាដែលទាក់ទងទៅនឹងមេរោគ ហើយមេរោគប្រភេទនេះ នឹងបិទ Website ឬកម្មវិធីនោះចោលភ្លាម ។ មេរោគប្រភេទនេះអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត ប្រសិនបើវាឆ្លងចូលកុំព្យូទ័រគឺមានការពិបាកកំចាត់វាជាទីបំផុត ។
៩. មិនអាចបង្ហាញ File និង Folder ដែលលាក់ខ្លួនបាន
Hidden File and Folder គឺជាប្រភេទឯកសារម្យ៉ាងរបស់ Windows ដែលត្រូវបានលាក់ ខ្លួននៅក្នុងកុំព្យូទ័រដើម្បីជៀសវាងការប៉ះទង្គិចណាមួយដោយចៃដន្យ ។ ប៉ុន្តែមានករណីមួយចំនួនដែលអ្នកចាំបាច់ត្រូវការប្រើប្រាស់ឯកសារប្រភេទនេះ ។ ដើម្បីចូលបើកវាឲ្យដំណើរការ ចូលទៅក្នុង windows Explorer រួចចុច Tool Menu រួចហើយចុចជ្រើសរើស Folder Option នៅពេលនោះវានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកចុច Tab View សូមមើលរូបខាងក្រោមៈ
ក្រោយមកលោកអ្នកត្រូវយក Mouse ចុចលើពាក្យ Show hidden file and folder ដូចរូបខាងលើ រួចចុចប៊ូតុង Ok នៅពេលនោះអ្នកនឹងឃើញឯកសារ និង Folder ដែលបានលាក់ត្រូវបានបង្ហាញឡើង ។ ប៉ុន្តែអ្វីដែលអ្នកចាប់អារម្មណ៍នោះ គឺក្រោយពីអ្នកបានកំណត់ដូចខាងលើ រួចរាល់ហើយ បែរជាឯកសារ និង Folder ទាំងឡាយមិនបានបង្ហាញឡើងមកទេ ហើយនៅពេលអ្នក ចូលទៅក្នុង Folder Option ម្តងទៀត ស្រាប់តែចំណុច Show hidden files and folders ដែលអ្នកបានជ្រើសរើសបែរជាមិនមានអ្វីទាំងអស់ដូចរូបខាងក្រោមៈ
ដូច្នេះប្រសិនបើលោកអ្នកជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ នេះបញ្ជាក់ថា កុំព្យូទ័រលោកអ្នកពិតជាត្រូវបានឆ្លងមេរោគហើយ ។
១០. មិនអាចបើកតួនាទីរបស់ Folder Option និង Task Manager បាន
១១. បាត់ឯកសារ Office ឯកសារ Audio និងឯកសាររូបភាព
មេរោគប្រភេទនេះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ប្រាកដជាធ្លាប់ជួបប្រទះនូវបញ្ហានេះជាញឹកញាប់ហើយ ព្រោះថា មេរោគប្រភេទខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅបំផ្លាញឯកសារមួយចំនួនចោលតែម្តង ។
១២. ម៉ោង និងកាលបរិច្ឆេទ ថ្ងៃខែឆ្នាំកុំព្យូទ័រ Error
បញ្ហានេះលោកអ្នកត្រូវត្រួតពិនិត្យមើលថ្ម CMOS អ្នកសាកល្បងដូរវាសាកមើល ប្រសិនបើដូរហើយនៅតែមាន Error ទៀត ម៉ោង និង ថ្ងៃខែឆ្នាំតែងដើរមិនត្រូវ នោះបញ្ជាក់ថា កុំព្យូទ័ររបស់លោកអ្នកត្រូវបានវាយប្រហារដោយមេរោគហើយ ។
បញ្ជាក់ៈ ចំពោះរោគសញ្ញាទាំងឡាយដែលបានរៀបរាប់ខាងលើ គឺជារោគសញ្ញាដែលឧស្សាហ៍កើតមានចំពោះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ហើយមិនមែនមានត្រឹមតែរោគសញ្ញា ប៉ុណ្ណឹងទេ មានច្រើនទៀត ដែលមិនអាចរៀបរាប់ឲ្យអស់បាន ។
រក្សាសិទ្ធិដោយៈ បណ្តាញអាយធី
0 បញ្ចេញមតិ:
Post a Comment